Wednesday, January 16, 2019

កំហុស​ទាំង​៧យ៉ាង ​ដែល​តែង​កើត​មាន​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ


ចាប់​តាំង​ពី​ការ​ចេញ​ផ្សាយ​អក្សរ​យូនីកូដ​ខ្មែរ​ចាប់​តាំងពី​អំឡុង​ឆ្នាំ ​២០០៤-២០០៥ មក​ដល់​ពេល​នេះ វា​បាន​ក្លាយ​ជា​មធ្យោបាយ​ទំនាក់ទំនង​តាមរយៈ​អក្សរ ដ៏​សំខាន់​សម្រាប់​ជនជាតិ​ខ្មែរ។ ព្រោះ​អក្សរ​យូនីកូដ​ខ្មែរ ត្រូវ​បាន​រៀបចំ​ទៅតាម​លក្ខណៈ​បច្ចេកទេស មាន​តួ​អក្សរ មាន​លេខ​កូដ​សម្គាល់​ផ្ទាល់​ខ្លួន ដោយ​មិន​ចាំបាច់​ខ្ចី​តារាង​អក្សរ​អង់គ្លេស​ប្រើ​ដូច Limon នោះ​ទេ។ ការ​ប្រើប្រាស់​ចេះ​តែ​កើន​ឡើង ទាំង​នៅ​ក្នុង​កុំព្យូទ័រ ទាំង​នៅ​ក្នុង​ទូរសព្ទ ដូច្នេះ​ហើយ​កំហុស​ក៏​អាច​កើត​មាន​ឡើង​បាន​គ្រប់​ពេល។ ខាង​ក្រោម​នេះ​ជា​កំហុស​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រទះ ហើយ​ខ្ញុំ​នឹង​លើក​យក​មក​រៀបរាប់​ត្រួសៗ ទុក​ជា​ការ​ពញ្ញាក់​ស្មារតី។



១. សរសេរ​ខុស​អក្ខរាវិរុទ្ធ

នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​ជាច្រើន​មិន​បាន​ភ្ជាប់​ឧបករណ៍​ពិនិត្យ​អក្ខរាវិរុទ្ធ​សម្រាប់​ភាសា​ខ្មែរ​ទេ ដូច្នេះ​ហើយ​អ្នក​សរសេរ​អក្សរ​ខ្មែរ នៅ​តែ​ចៀស​មិន​ផុត​អំពី​កំហុស​ដែល​អាច​កើត​មាន​ឡើង។ ក៏​ប៉ុន្តែ​កំហុស​ដែល​ខ្ញុំ​តែងតែ​ឃើញ​នោះ ភាគ​ច្រើន​ជា​កំហុស​នៃ​ពាក្យ​ដែល​ងាយៗ ដែល​រួម​ទាំង​សរសេរ​ខុស​តួ​អក្សរ និង​ខុស​បរិបទ ដូចជា៖ ដែរ-ដែល, នៅ-នូវ, រសជាត-រសជាតិ, ស្ដាយ-Style, ក្លាយ-ខ្លាយ, ទាហាន-ទាហ៊ាន, ដទៃ-ដ៏ទៃ។ល។

២. ប្រើប្រាស់​ទណ្ឌឃាដ​និង​អស្ដា​មិន​ត្រូវ

ប្រហែល​ជា​ការ​ភ័ន្ត​ច្រឡំ​ហើយ​មើល​ទៅ។ វណ្ណយុត្ត​ទាំង​ពីរ​នេះ ខ្ញុំ​ឃើញ​មាន​ការ​ប្រើប្រាស់​ខុស​ជា​ច្រើន​កន្លែង ទាំង​នៅ​ក្នុង​បណ្ដាញ​សង្គម, ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម។ល។ ដូចជា​ពាក្យ ឧទាហរណ៍, សប្ដាហ៍, ដ៏, ទឡ្ហីករណ៍ តែ​បែរ​ជា​គេ​សរសេរ ឧទាហរណ៏, សប្ដាហ៏, ដ៍. ទឡ្ហីករណ៏ ដូច្នេះ​ទៅ​វិញ។ ផ្អែក​ទៅ​តាម​អត្ថន័យ​នៅ​ក្នុង​វចនានុក្រម​ខ្មែរ (បោះពុម្ព​គ្រា​ទី​៥) បាន​បញ្ជាក់​ថា៖ អស្ដា ជា​វណ្ណយុត្ត​ដែល​មាន​សណ្ឋាន​ជា​លេខ​៨ សម្រាប់​ដាក់​លើ​អក្សរ​ទោល នាំ​អក្សរ​នោះ​ឲ្យ​មាន​សំឡេង​កញ្ឆក់​ខ្លី​រហ័ស, ដូចជា ក៏​បាន, ក៏​ដែរ, ក៏​ដោយ, ដ៏​បវរ, ឰដ៏​អាកាស, ហ៏ ! … ទណ្ឌឃាដ ជា​វណ្ណយុត្ត​ម្យ៉ាង​មាន​សណ្ឋាន​លំនាំ​កន្ទុយ​កំប្រុក (អ៍) សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូចជា ប្រយោជន៍, យោជន៍, ខ្លឹមចន្ទន៍ … អស្ដា​ស្ថិត​នៅ​គ្រាប់​ចុច Shift + 8, ចំណែក​ឯ​ទណ្ឌឃាដ​ស្ថិត​នៅ​គ្រាប់​ចុច Shift + 6, ហើយ​បើ​មើល​នៅ​ក្នុង​កុំព្យូទ័រ​ឬ​ទូរសព្ទ វា​ពិត​ជា​អាច​ច្រឡំ​គ្នា​មែន ព្រោះ​វា​តូចៗ។

៣. សរសេរ​មិន​តាម​ការ​ប្រកប

នៅ​ក្នុង​ការ​ប្រើប្រាស់​យូនីកូដ​ខ្មែរ យើង​ត្រូវ​វាយ​អក្សរ​ម្ដង​មួយៗ​ដូច​ទៅ​នឹង​ការ​ប្រកប​នៅ​ពេល​យើង​រៀន​ពី​បឋមសិក្សា​មក។ តួយ៉ាង​ដូចជា​ពាក្យ៖
  • ស្ត្រី៖ ស + ្ត + ្រ + ី
  • ស៊ី៖ ស + ៊ + ី (មិន​មែន ស + ុ + ី ដូច​វាយ​ម្ដង​មួយៗ​ក្នុង​អក្សរ Limon នោះទេ)
  • ប៉ី៖ ប + ៉ + ី
  • ហ៊ាន៖ ហ + ៊ + ា + ន
  • ប្រសើរ៖ ប + ្រ + ស + ើ + រ

៤. ការ​ច្រឡំ​រវាង​រះមុខ​និង​យុគលពិន្ទុ

រះមុខ (វិសជ៌នីយ) និង យុគលពិន្ទុ ក៏​ជា​ចំណុច​ក្ដៅ​គគុក​មួយ​ដែល​តែង​កើត​មាន​ឡើង​នៅ​ក្នុង​ការ​សរសេរ​អក្សរ​ខ្មែរ ដូចជា​ពាក្យ គារវៈ, មានះ, សក្ការៈ, ធុរៈ, រយៈពេល, ស្រៈ, តែ​បែរ​ជា​សរសេរ គារវះ, មានៈ, ធុរះ, រយះពេល, ស្រះ។ រះមុខ​ស្ថិត​នៅ​គ្រាប់​ចុច Shift + H, ចំណែក​យុគ្គលពិន្ទុ​ស្ថិត​នៅ​គ្រាប់​ចុច AltGr (Alt ស្ដាំ) + ‘ ។

៥. ការ​ប្រើប្រាស់​ដំណក​ឃ្លា

ខ្ញុំ​ធ្លាប់​បាន​អាន​អត្ថបទ​មួយ​ចំនួន​ដែល​ស្ដី​អំពី​ការ​ប្រើប្រាស់​ដំណកឃ្លា​នៅ​ក្នុង​ភាសា​ខ្មែរ ដូចជា​អត្ថបទ «ដំណក​ឃ្លា​ក្នុង​ភាសា​ខ្មែរ» (អន្តរកម្ម​និយម) របស់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សំណព្វ ដែល​បាន​រៀបរាប់​អំពី​គន្លឹះ​និង​គោលគំនិត​ជាច្រើន ដើម្បី​ឲ្យ​ការ​សរសេរ​អត្ថបទ​ឬ​សៀវភៅ មាន​ភាព​ល្អ​ប្រសើរ និង​ធ្វើ​ឲ្យ​អ្នក​អាន​ងាយស្រួល​អាន។ នៅ​ក្នុង​ឯកសារ​នោះ មាន​រៀបរាប់​ជា​ច្រើន​ដែល​ខ្ញុំ​មិន​អាច​ចាំ​បាន​អស់ ហើយ​ក៏​មិន​ហ៊ាន​ថា​ខ្ញុំ​សរសេរ​ត្រឹមត្រូវ​ទៅ​នឹង​គោលការណ៍​ដំណក​ឃ្លា​ដែរ។ ម្យ៉ាង​ទៀត មាន​អត្ថបទ​ដែល​តាក់តែង​ដោយ​ភាសាវិទូ​ដទៃ​ទៀត ហើយ​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​បាន​ដឹង​អំពី​អត្ថបទ​ផ្លូវការ​ណាមួយ​ស្ដី​អំពី​ដំណក​ឃ្លា​នេះ​ដែរ។ ឬ​ក៏​មាន​ហើយ តែ​ខ្ញុំ​មិន​ដឹង​មែន? តើ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​លើ​បញ្ហា​នេះ​ដែរ​ឬ​ទេ?

៦. រក​ស្រៈ​ពេញ​តួ​មិន​ឃើញ?

ស្រៈ​ពេញ​តួ​ក៏​ជា​កំហុស​ដែល​កើត​មាន​ញឹកញាប​ដែរ។ ខ្ញុំ​គិត​ថា ភាគ​ច្រើន​កំហុស​នេះ​កើត​មាន​ព្រោះ​តែ​រក​កន្លែង​ចុច​មិន​ឃើញ។ ដូច្នេះ​រូប​ខាង​ក្រោម​នេះ អាច​ជួយ​អ្នក​ឲ្យ​ប្រើប្រាស់​បាន​ត្រឹមត្រូវ។

ក្រៅ​ពី​ស្រៈ​ពេញ​តួ​ទាំង​ប្រាំមួយ​ខាង​លើ មាន​ស្រៈ​ផ្សេង​ទៀត​ដូចជា៖
  • ឥ ស្ថិត​នៅ​គ្រាប់​ចុច – ។
  • ឦ នៅ AltGr + I ។
  • ឯ នៅ AltGr + E ។
  • ឬ នៅ Shift + R ។
  • ឫ នៅ AltGr + R ។ (មិនមែន​ប្រើ​ជើង ្ញ ទេ)
  • ឮ នៅ \ ។
  • ឭ នៅ Shift + \ ។
  • ឲ នៅ​គ្រាប់​ចុច + ។
  • ឰ នៅ AltGr + P ។

៧. ជើង ដ និង​ជើង ត

ជើង ដ (្ដ) និង​ជើង ត (្ត) មាន​សណ្ឋាន​ដូច​គ្នា​យ៉ាង​ប្រចក្ស ប៉ុន្តែ​ការ​ប្រើ​ប្រាស់​វា ក៏​ត្រូវ​ឲ្យ​សមស្រប​ដែរ។ ចំពោះ​អ្នក​ធ្លាប់​ប្រើប្រាស់​អក្សរ​លីមូន​ពី​មុន​មក មិន​ដែល​ខ្វល់​អំពី​ជើង ដ ឬ​ជើង ត ឡើយ។ ប៉ុន្តែ​នៅ​ក្នុង​យូនីកូដ​ខ្មែរ ជើង​ព្យញ្ជនៈ​ទាំង​ពីរ​នេះ​មាន​លក្ខណៈ​សំខាន់​ទៅ។ ខ្ញុំ​សុំ​បើក​រង្វង់​ក្រចក​បន្តិច។ រាល់​តួ​អក្សរ​ដែល​មាន​នៅ​ក្នុង​កុំព្យូទ័រ​ក្ដី ទូរសព្ទ​ក្ដី ឬ​ឧបករណ៍​អេឡិចត្រូនិក​ដទៃ​ទៀត​ក្ដី សុទ្ធ​តែ​មាន​លេខ​សម្គាល់​របស់​វា។ លេខ​កូដ​នេះ​ប្រើ​សម្រាប់​តំណាង​ឲ្យ​តួអក្សរ, ការ​តម្រៀប​តួអក្សរ, ការ​ស្វែងរក​ពាក្យ។ល។ ត្រឡប់​មក​និយាយ​អំពី​ជើង​ព្យញ្ជនៈ​ទាំង​ពីរ​នេះ​វិញ ក៏​ដូច​អ្វី​ដែល​និយាយ​ពី​ខាង​លើ​ដែរ។ ប្រសិន​បើ​រាល់​ពាក្យ​ដែល​មាន​ជើង ដ ឬ​ជើង ត តែ​យើង​ប្រើ​តែ​ជើង ត រហូត​នោះ វា​នាំ​ឲ្យ​ការ​តម្រៀប​ឈ្មោះ​ឬ​ពាក្យ មាន​កំហុស, វា​នាំ​ឲ្យ​ការ​ស្វែងរក​ពាក្យ មាន​កំហុស, ហើយ​ក៏​កើត​មាន​ជា​កំហុស​នានា​ទៀត​ដែរ។ ជើង ដ អាច​ស្ថិត​បាន​នៅ​ពី​ក្រោម​ព្យញ្ជនៈ ក, ដ, ណ, ប, ម, ស, ដូចជា ក្ដៅ, វដ្ដ, បណ្ដុះ, ប្ដី, កម្ដៅ, ស្ដាយ។ តែ​វា​មាន​ករណី​មួយ​ចំនួន​ដែល​ជើង ដ ស្ថិត​នៅ​ក្រោម​ព្យញ្ជនៈ ន ដូចជា សន្ដាន ជាដើម។ ហើយ​ព្យញ្ជនៈ ស ក៏​អាច​ស្ថិត​នៅ​ពី​លើ​ជើង ត ក្នុង​ករណី​ដូចជា​ពាក្យ ស្ត្រី ដែរ។

*** សេចក្ដី​សន្និដ្ឋាន

កំហុស​នៅ​ក្នុង​ការ​សរសេរ​នេះ យើង​មិន​អាច​ចៀស​ផុត​បាន​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​យើង​អាច​ព្យាយាម​កាត់​បន្ថយ​វា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ វចនានុក្រម​គឺ​ជា​មិត្ត​ដ៏​ជិត​ស្និទ្ធ​បំផុត​របស់​យើង។ អ្នក​អាច​ប្រើប្រាស់​វចនានុក្រម​ភាសា​ខ្មែរ​បាន ដូចជា http://dictionary.tovnah.com , http://english-khmer.com សម្រាប់​ពិគ្រោះ​។ ម្យ៉ាង​វិញ​ទៀត ការ​បើក​ចិត្ត​ទូលាយ​ទទួល​យក​កំហុស គឺ​ជា​អំពើ​ដ៏​ប្រពៃ​មួយ ដូច្នេះ​ហើយ​ប្រសិន​បើ​មាន​អ្នក​កែកំហុស​លើ​ការ​សរសេរ​របស់​អ្នក អ្នក​គួរ​បើក​ចិត្ត​ទទួល​យក​ការ​រិះគន់​នោះ​ដោយ​ក្ដី​សប្បាយ​រីករាយ។ ក្រៅ​អំពី​ចំណុច​ប៉ុន្មាន​ខាង​លើ​នេះ ក៏​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត ដែល​ខ្ញុំ​មិន​បាន​លើក​យក​មក​រៀបរាប់​បាន​អស់។ អ្វី​ដែល​ខ្ញុំ​បាន​សរសេរ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​ជា​អ្វី​ដែល​ធ្លាប់​បាន​ជួប​ប្រទះ​ជា​ញឹកញាប់ ហើយ​ក៏​ជា​ចំណេះដឹង​បន្តិច​បន្តួច​ដែល​ខ្ញុំ​មាន។ វា​អាច​សល់​ចន្លោះ​ប្រហោង​ឬ​កំហុស​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​រង់ចាំ​ការ​កែសម្រួល​ពី​មិត្ត​អ្នក​អាន។

ប្រភពដើមៈ kumnit.com/




No comments:

Post a Comment